Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត
Welcame to Constitutional Council of Cambodia

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ១០:០០នាទី នៅសណ្ឋាគារ ហាយ៉ាតរីជេនស៊ី (Hyatt Regency) ក្រុមប្រឹក្សាធម្មនុញ្ញ និង ក្រសួងអប់រំ យុវជន និងកីឡា បានប្រារព្ធពិធីប្រកាសអនុវត្តអនុស្សរណៈនៃការព្រមព្រៀង និង ពិធីបើកវគ្គបណ្ដុះបណ្ដាលដល់ក្រុមគ្រូឧទ្ទេសទូទាំង ២៥ រាជធានី ខេត្ត ស្តីពីការដាក់បញ្ចូលការអប់រំបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីសិក្សាទាំងបីកម្រិតគឺ កម្រិតបឋមសិក្សា កម្រិតមធ្យមសិក្សាបឋមភូមិ និងកម្រិតមធ្យមទុតិយភូមិ ក្រោមសហអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានគូសបញ្ជាក់ថា ការយល់ដឹងច្បាស់នូវបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញរបស់ប្រទេសជាតិនឹងជួយពង្រីកស្មារតីជាតិនិយម ជួយពង្រឹងសីលធម៌របស់ប្រជាពលរដ្ឋ ដែលនឹងបង្កើតភាពសុខដុមនៃសង្គមជាតិ។ គុណតម្លៃនៃរដ្ឋធម្មនុញ្ញ ជាគុណតម្លៃនៃនីតិរដ្ឋ គុណតម្លៃប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលជាសមាសធាតុក្នុងការកសាងនិងការអភិវឌ្ឍសង្គមនីតិរដ្ឋ ក្នុងសម័យទំនើបនេះ។ ការអនុវត្តប្រជាធិបតេយ្យ និងសិទ្ធិមនុស្សត្រូវមានការទទួលខុសត្រូវ និងសីលធម៌ដើម្បីរក្សាបាននូវសុខដុមនីយកម្មសង្គមមួយរឹងមាំ។ ដូច្នេះការយល់ដឹងអំពីរដ្ឋធម្មនុញ្ញ យ៉ាងហោចណាស់អំពីគោលការណ៍ធំៗនៃគុណតម្លៃរដ្ឋធម្មនុញ្ញ គឺជាការចាំបាច់ក្នុងការបង្កើនចំណេះដឹងទូទៅរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប និងពង្រឹងមនសិការស្នេហាជាតិ ព្រមទាំងសីលធម៌សង្គម លើមូលដ្ឋានគ្រឹះនៃសុខដុមនីយកម្មសង្គម វប្បធម៌ ទំនៀមទំលាប់ប្រពៃណីរបស់ជាតិ។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់បន្ថែមថា “ការរៀបចំថ្នាលបានល្អ សម្រាំងគ្រាប់ពូជបានល្អ យើងនឹងទទួលបានផលល្អសម្រាប់ប្រទេសជាតិយើង”។ ដូច្នេះការផ្សព្វផ្សាយ ការបញ្ជ្រាប និងការអនុវត្តរដ្ឋធម្មនុញ្ញ ជាការចាំបាច់ ជាពិសេសក្នុងស្រទាប់យុវវ័យ ហើយយន្តការនៃការផ្សព្វផ្សាយដែលមានលក្ខណៈទូលំទូលាយ និងមាននិរន្ដរភាព គឺយន្តការអប់រំតាមសាលារៀនដែលពង្រាយពេញផ្ទៃប្រទេស។ មានតែលោកគ្រូ អ្នកគ្រូ នៅតាមសាលារៀនទេដែលពាំនាំខ្លឹមសារជាមូលដ្ឋាននៃរដ្ឋធម្មនុញ្ញទៅបញ្ជ្រាបដល់សិស្សានុសិស្ស និងពីសិស្សានុសិស្សទៅដល់មាតាបិតា អាណាព្យាបាលសិស្ស តាំងពីទីប្រជុំជនដល់តំបន់ដាច់ស្រយាលគ្រប់ច្រកល្ហក។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះការបញ្ចូលបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញ ដែលជាខ្លឹមសារដ៏មានតម្លៃ និងមានសារៈសំខាន់ជាទីបំផុត ទៅក្នុងកម្មវិធីសិក្សា ដើម្បីឱ្យសិស្សសិក្សាឈ្វេងយល់ក្នុងមុខវិជ្ជាវិទ្យាសាស្រ្ត-សិក្សាសង្គម សិក្សាសង្គម និង សីលធម៌-ពលរដ្ឋវិជ្ជា នៅតាមមេរៀនមួយចំនួនក្នុងសៀវភៅសិក្សាគោល ហើយដែលជាតម្រូវការចាំបាច់បំផុត ស្របតាមគោលនយោបាយ និងរបត់ថ្មីនៃការអប់រំដែលទាមទារឱ្យសិស្សយល់ពីវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ហើយដែល រដ្ឋធម្មនុញ្ញនេះហើយ គឺជាមូលដ្ឋានសំខាន់សម្រាប់បំពេញឱ្យរបត់ថ្មីនេះ។ ជាទីបញ្ចប់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការគាំទ្រយ៉ាងពេញទំហឹងក្នុងដំណើរការរបស់ក្រុមការងារបច្ចេកទេសចំពោះកិច្ចទាំងពីរស្ថាប័ន តាមស្មារតីអនុស្សរណៈនៃការព្រមព្រៀង រហូតទទួលបាននូវ សមិទ្ធផលផ្លែផ្កាគួរជាទីមោទកៈ និងដោយមើលឃើញតួនាទីដ៏សំខាន់របស់លោកគ្រូ អ្នកគ្រូក្នុងការបញ្ជ្រាបខ្លឹមសារនៃរដ្ឋធម្មនុញ្ញ ទើបក្រុមការងារបច្ចេកទេសចំពោះកិច្ចបានរៀបចំឯកសារជំនួយស្មារតីមួយពាក់ព័ន្ធនឹងបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញ ដែលបានបញ្ចូលទៅក្នុងកម្មវិធីសិក្សាដើម្បីសម្រួលដល់ការឈ្វេងយល់បន្ថែមរបស់លោកគ្រូ អ្នកគ្រូក៏ដូចជាការបណ្តុះបណ្តាលគ្រូផងដែរ សម្រាប់ការចូលរួមចំណែកកសាងកម្ពុជាឱ្យក្លាយជានីតិរដ្ឋតាមរយៈការបញ្ជ្រាបខ្លឹមសាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ទៅក្នុងកម្មវិធីសិក្សាទាំងបីកម្រិតរបស់ក្រសួងអប់រំ យុវជន និងកីឡា និងបានប្រកាសបើកវគ្គបណ្ដុះបណ្ដាលដល់ក្រុមគ្រូឧទ្ទេសទូទាំង ២៥ រាជធានី ខេត្ត ព្រមទាំងបានប្រគល់នូវសៀវភៅជំនួយស្មារតីគ្រូពាក់ព័ន្ធនឹងបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញ ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ជូនឯកឧត្តមបណ្ឌិតសភា ចារ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ជាមូលដ្ឋាននៃជំនួយស្មារតីលើការបណ្តុះបណ្តាលគ្រូបង្គោល។ អង្គពិធីបានបញ្ចប់នៅវេលាម៉ោង ១១និង៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល និងមានការថតរូបទុកជាអនុស្សាវរីយ៍រវាងថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសនៃស្ថាប័នទាំងពីរផងដែរ។



Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top