Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត
Welcame to Constitutional Council of Cambodia

នៅរសៀលថ្ងៃអង្គារ ១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងដប់ប្រាំនិងសូន្យនាទី នាសាលប្រជុំក្រុមប្រឹក្សាធម្មនុញ្ញ អគារស វិមានរដ្ឋចំការមន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូបេសកកម្មសង្កេតការណ៍បោះឆ្នោតហ្វ្រង់កូហ្វូនី (MEF) ដែលដឹកនាំដោយ ឯកឧត្តម ដេស៊ីរ៉េ នីយ៉ារ៉ូហ៊ីរីរ៉ា (DÉSIRÉ NYARUHIRIRA) ទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការនយោបាយ និងការទូតនៃអគ្គលេខាធិការអង្គការអន្តរជាតិ នៃបណ្ដាប្រទេសនិយាយភាសាបារាំង (OIF) និងអមដំណើរដោយ លោក អេដ្យា ដូរីគ (Edgar DOERIG) តំណាងអង្គការអន្តរជាតិនៃប្រទេសប្រើភាសាបារាំងប្រចាំនៅអាស៊ីនិងប៉ាស៊ីហ្វីក លោកស្រី ឆាឡុត ស៊ូអ៊ីតបេស៍ (Charlotte SOUIBES) ជំនាញការបោះឆ្នោត និងជាមន្ត្រីទំនាក់ទំនងបេសកកម្ម និងលោកស្រី អាធីតា មីងហ្គា (Artida MINGA) បេសកជនទទួលបន្ទុកកិច្ចការនយោបាយ និងប្រជាធិបតេយ្យនៃអង្គការអន្តរជាតិ OIF។ នៅក្នុងជំនួបនោះ ឯកឧត្តម ដេស៊ីរ៉េ នីយ៉ារ៉ូហ៊ីរីរ៉ា (DÉSIRÉ NYARUHIRIRA) បានលើកឡើងអំពីគោលបំណងនៃជំនួប និងរយៈពេលបំពេញបេសកកម្មនៅកម្ពុជាដែលមានរយៈពេល ០៩ ថ្ងៃ ចាប់ថ្ងៃទី១៧ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ប្រធានគណៈប្រតិភូ OIF បានលើកឡើងអំពីបញ្ហាអវត្តមានគណបក្សនយោបាយពីរដែលត្រូវបានបដិសេធមិនឱ្យចូលរួមបោះឆ្នោត និងបានគោរពស្នើសុំការបញ្ជាក់ពី ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទៅលើកិច្ចការងារបោះឆ្នោតកន្លងមកដែលក្រុមប្រឹក្សាធម្មនុញ្ញបានជួបប្រទះ។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបេសកកម្មសង្កេតការណ៍បោះឆ្នោតហ្រ្វង់កូហ្វូនីនេះ និងបានឆ្លើយតបទៅ នឹងការលើកឡើងរបស់ ឯកឧត្តម ដេស៊ីរ៉េ នីយ៉ារ៉ូហ៊ីរីរ៉ា (DÉSIRÉ NYARUHIRIRA) ប្រធានគណៈប្រតិភូថា ការបដិសេធការសុំចុះបញ្ជីរបស់គណបក្សនយោបាយពីរ កន្លងមកនេះ គឺជាការអនុវត្តច្បាប់សុទ្ធសាធ ែលកំហុសនេះកើតចេញពីគណបក្សនយោបាយខ្លួនឯងដោយពុំបានបំពេញលក្ខខណ្ឌនៃការសុំចុះបញ្ជីគណបក្សនយោបាយស្របតាមច្បាប់តម្រូវ។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានលើកឡើងអំពីដំណើរវិវត្តនៃការបោះឆ្នោតនៅកម្ពុជាចាប់តាំងពីការបោះឆ្នោត លើកទី១ ឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយអ៊ុនតាក់ ហើយដំណើរវិវត្តនេះកាន់តែប្រសើរឡើងបន្តិចម្ដងៗ ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ដោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានធ្វើការប្រៀបធៀបថា ការបោះឆ្នោតឆ្នាំ១៩៩៨ មានបញ្ហាប្រឈមខ្លាំងពាក់ព័ន្ធទៅនឹងករណីបញ្ជីឈ្មោះបោះឆ្នោត ជាពិសេសបញ្ហាសញ្ជាតិ ដែលករណីទាំងនោះបន្សល់ទុកពីការបោះឆ្នោតឆ្នាំ១៩៩៣ ហើយរហូតដល់ឆ្នាំ២០០៣ ការបោះឆ្នោតមានលក្ខណៈល្អប្រសើរឡើងជាបន្តបន្ទាប់ បញ្ហាបញ្ជីឈ្មោះបោះឆ្នោតលែងក្លាយ ជាបញ្ហាចោទដោយសារមានកំណែទម្រង់ទៅលើច្បាប់បោះឆ្នោត និងវិធានពាក់ព័ន្ធដទៃទៀត។ ចំពោះការរាប់សន្លឹកឆ្នោតគឺធ្វើនៅនឹងការិយាល័យបោះឆ្នោតនៅថ្ងៃបោះឆ្នោតតែម្ដង ក្រោមការឃ្លាំមើលពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងភ្នាក់ងារគណបក្សនយោបាយសង្កេតការណ៍បោះឆ្នោត ដែលនេះបង្ហាញពីតម្លាភាព និងភាពយុត្តិធម៌ នៃលទ្ធផលបោះឆ្នោត។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានលើកឡើងផងដែរថា ក្នុងដំណើរការឃោសនារកសំឡេងឆ្នោត ១៨ថ្ងៃ កន្លងមកនេះ ពុំឃើញមានករណីរំលោភច្បាប់ ឬភាពមិនប្រក្រតីគួរឱ្យកត់សម្គាល់ណាមួយកើតឡើងទេ។ ប្រជាពលរដ្ឋ និងអ្នកគាំទ្រគណបក្សនយោបាយទាំងអស់បានចូលរួមយ៉ាងសកម្ម ដែលនេះបង្ហាញឱ្យឃើញអំពីលំហសេរីភាពក្នុងប្រទេស ប្រជាធិបតេយ្យ។ លក្ខខណ្ឌវិនិច្ឆ័យពីរដែលត្រូវបានយកមកពិចារណានោះគឺ ទីមួយ គុណភាពនៃគោលនយោបាយរបស់គណបក្សនយោបាយ និងទីពីរ លក្ខណៈសម្បត្តិរបស់បេក្ខជន ហើយចំណុចទាំងពីរនេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទំលំទូលាយតាមប្រព័ន្ធផ្សព្វផ្សាយនានា ទាំងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ធ្វើឱ្យប្រជាពលរដ្ឋអាចមានជម្រើស និងធ្វើការសម្រេចចិត្តគាំទ្រគណបក្សនយោបាយណាមួយដែលខ្លួនយល់ថា មានគោលនយោបាយ និងមានបេក្ខជនស្របតាមការពេញចិត្តរបស់ខ្លួន។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានផ្ដល់អនុសាសន៍ឱ្យ ឯកឧត្តម ដេស៊ីរ៉េ នីយ៉ារ៉ូហ៊ីរីរ៉ា (DÉSIRÉ NYARUHI RIRA) និងគណៈប្រតិភូអមដំណើរ បន្តសង្កេតការណ៍កិច្ចការបោះឆ្នោតនេះ រហូតដល់ថ្ងៃប្រកាសលទ្ធផលបណ្ដោះអាសន្ន ដើម្បីអាចធ្វើការវាយតម្លៃបានកាន់តែសុក្រិតអំពីដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ខាងមុខនេះ។ ទោះបីជាយ៉ាងនេះក៏ដោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានបញ្ជាក់ផងដែលថា គណបក្សនយោបាយដែលបានចូលរួមក្នុងការបោះឆ្នោតទាំងអស់អាចប្ដឹងតវ៉ាពីលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតបាន ហើយនីតិវិធីប្ដឹងគឺមានរយៈពេល ៧២ ម៉ោង បន្ទាប់ពីប្រកាលលទ្ធផលបណ្ដោះអាសន្ន ដោយគណបក្សនយោបាយមានជម្រើសពីរ គឺអាចប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ផ្ទាល់តែម្ដង ឬក៏អាចប្ដឹងទៅ គ.ជ.ប ហើយបន្តមកក្រុមប្រឹក្សាធម្មនុញ្ញក្នុងករណីមិនសុទ្ធចិត្តនឹងការសម្រេចរបស់ គ.ជ .ប។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ច របស់គណប្រតិភូនៃអង្គការអន្តរជាតិនៃបណ្ដាលប្រទេសនិយាយភាសាបារាំង (OIF) ដែលដឹកនាំដោយ ឯកឧត្តម ដេស៊ីរ៉េ នីយ៉ារ៉ូហ៊ីរីរ៉ា (DÉSIRÉ NYARUHIRIRA) នេះ។   ឯកឧត្តម ដេស៊ីរ៉េ នីយ៉ារ៉ូហ៊ីរីរ៉ា (DÉSIRÉ NYARUHIRIRA) និងប្រតិភូអមដំណើរបានថ្លែងអំណរគុណ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះពេលវេលាដ៏មានតម្លៃរបស់ ឯកឧត្តម ក្នុងការជួបសន្ទនានេះ ជាពិសេសបានបញ្ជាក់យ៉ាងច្បាស់លាស់ និងក្បោះក្បាយអំពីដំណើរប្រជាធិបតេយ្យនៅកម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយគណៈប្រតិភូនៃអង្គការអន្តរជាតិនៃបណ្ដាលប្រទេសនិយាយ ភាសាបារាំង (OIF) នឹងបន្តសង្កេតមើលដំណើរការបោះឆ្នោតរហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។ នៅចុងបញ្ចប់នៃជំនួប ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនគណៈប្រតិភូ និងបានថតរូបទុកជាអនុស្សាវរីយ៍។ ជំនួបត្រូវបានបញ្ចប់នៅវេលាម៉ោងដប់ប្រាំមួយនិងសូន្យនាទី នាថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសស្និទ្ធស្នាលប្រកបដោយភាពកក់ក្ដៅ៕



Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top